ប្រវត្តិផ្សារភាគហ៊ុន
Post on 21 August 2011 by Sleuk Finance
ទីផ្សារភាគហ៊ុន មានប្រវត្ដិតាំងពីយូរយារណាស់មកហើយ។ ទីផ្សារនេះកើតមានពីសកម្មភាព នៃ ការដោះដូរលើកដំបូង ទៅលើផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀត ។ ទីផ្សារភាគហ៊ុនកើតឡើងដំបូងឈ្មោះថា ទីផ្សារភាគហ៊ុនអាំស្ទែដាដែលត្រូវបានបង្កើតដោយ ក្រុមហ៊ុនឈ្មោះ The Dutch East India Company នៅភាគខាងជើងនៃប្រទេស ឥណ្ឌានៅក្នុង ឆ្នាំ១៦០៨។ ឧបករណ៍ហិរញ្ញវត្ថុដែល ធ្វើការជួញដូរដំបូង នៅក្នុងទីផ្សារភាគហ៊ុន អាំស្ទែដាំនេះគឺ ប័ណ្ណភាគហ៊ុន (Share) របស់ក្រមហ៊ុននេះ។ ការវិវត្ដន៍ខាងផ្នែកខាងនយោបាយ បានធ្វើ ឲ្យរាជរដ្ឋាភិបាល ប្រទេសហូឡង់ ខំស្វែងរក នូវប្រភពទុនថ្មីៗ។ ភាពរួមគ្នានៃសកម្មភាពទាំងនេះ និងកង្វះខាតទុនពីកន្លែងមួយ ទៅកន្លែងមួយ បានជំរុញឲ្យ មានការចេញផ្សាយ នូវមូលបត្រ របស់ស្ថាប័នរដ្ឋាភិបាល ធនាគារ ក្រុមហ៊ុនធានារ៉ាប់រ៉ង និងសហគ្រាសរួមទុនមួយចំនួនទៀត ជាពិសេសក្រុមហ៊ុន ពាណិជ្ចកម្មធំៗ ដើម្បីធ្វើ ឱ្យ មានសញ្ច័យលើធនធាន និងគៀរគរធនធានហិរញ្ញវត្ថុ ពីប្រភពផ្សេងៗសំរាប់យកមកពង្រីក នូវមុខជំនួញរបស់គេ ក៏ដូចជាប្រមែប្រមូលអ្នកដែលមាន សាច់ប្រាក់ក្នុងដៃ ឲ្យចូលរួមក្នុងសកម្មភាពវិនិយោគ និងធ្វើអោយសាច់ប្រាក់មាន ចលនាកាន់តែខ្លាំងនៅក្នុងចរន្ដ សេដ្ឋកិច្ច ក៏ដូចជា ធ្វើអោយសកម្មភាព នៃជំនួញកាន់ តែមានភាពរស់រវើកថែមទៀត។ ការចាប់ផ្ដើមពីការធ្វើជំនួញដែលមានស្រាប់ តាមរយៈវិក័យបត្រ និងក្រដាសប្រាក់ វាគឺការផ្លាស់ប្ដូរ ដ៏ស្របច្បាប់ និង ងាយស្រួលនៅពេលមានការកកើតឡើងនៃទីផ្សារភាគហ៊ុន ។
ទីផ្សារភាគហ៊ុននៅក្នុងទីក្រុងញូវយ៉ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៧៩២ នៅពេលដែលពាណិជ្ចករ និង អន្ដរការីជើសារ (Brokers)
ចំនួន ២៤នាក់ បានសំរេចចិត្ដយកកំរៃជើងសារ នៅពេលដែលដើរតួជាភ្នាក់ងារសំរាប់អ្នកជំនួញនៅក្នុងកិច្ចការជំនួញ របស់គេគឺផ្តល់មធ្យោបាយ ងាយស្រួល និងឆាប់រហ័ស និងជាទីពេញចិត្ដទៅឲ្យគ្នាទៅវិញទៅមក លើចរាចរទំនិញ និង សេវារបស់អ្នកជំនួញទាំងនោះ។ ពួកគេបានធ្វើការជួញដូរ នៅក្រោមដើមឈើមួយនៅផ្លូវ វ៉លស្ទ្រីត (Wallstreet)លេខ៦៨ ជាប្រចាំទើបបង្កើតឲ្យមាន ទីផ្សារមួយដែលមានឈ្មោះថា វ៉លស្ទ្រីត (Wallstreet) រហូតមកដល់ពេលបច្ចុប្បន្ននេះនៅសហរដ្ឋអាមេរិក។ បន្ទាប់មក មូលបត្ររបស់រដ្ឋាភិបាលត្រូវបានបង្កើត និងត្រូវបានដាក់ឱ្យជួញដូរ និងមានហ៊ុនរបស់ធនាគារ និងហ៊ុនរបស់ក្រុមហ៊ុន ធានារ៉ាប់រ៉ង ទាំងនេះបានបន្ថែមលើបរិមាណនៃប្រតិបត្ដិការជួញដូរកាន់តែរីកថែមទៀត។ ក្នុងឆ្នាំ ១៨១៧ អន្ដរការីជើងសារ (Brokers)នៅក្នុងទីក្រុងញូវយ៉ក បានសំរេចចិត្ដចាត់ចែងជាផ្លូវការ នូវក្រុមប្រឹក្សាសំរាប់ទីផ្សារភាគហ៊ុន បន្ទាប់មកទីផ្សារភាគហ៊ុនបានរីកចំរើនជាមួយនឹង ឧស្សាភាវូបនីយកម្មរបស់អាមេរិកដែរ។
នៅឆ្នាំ ១៨១៣ ទីផ្សារភាគហ៊ុននៅទីក្រុងញូវយ៉ក បានអនុម័តនូវឈ្មោះបច្ចុប្បន្នរបស់ខ្លួនគឺ ទីផ្សារភាគហ៊ុនញូវយ៉ក (New York Stock Exchange)។ ក្នុងពេលនៃសង្គ្រាមស៊ីវិលក៏មានទីផ្សារភាគហ៊ុនមួយចំនួនទៀតត្រូវបានបង្កើតឡើង ហើយទីផ្សារភាគហ៊ុនមួយ ក្នុងចំណោមទីផ្សារភាគហ៊ុន ទាំងនោះ ដែលចាត់ទុកជាអ្នកនាំមុខគេគឺ ទីផ្សារភាគហ៊ុន អាមេរិក (American Stock Exchange) គឺជាទីផ្សារភាគហ៊ុន ធំទីពីរ នៅសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ។ សង្គ្រាមលោកលើកទីពីរ បានជះឥទ្ធិពលជាអវិជ្ចមានជាច្រើនដល់ ការវិវត្ដន៍នៃទីផ្សារភាគហ៊ុន។ ជាក់ស្ដែង ប្រទេស អាល្លឺម៉ង់ ទីផ្សារភាគហ៊ុនទីក្រុងប៊ែកឡាំងបានបាត់បង់នូវតួនាទីដ៏សម្បើម របស់ខ្លួនបន្ទាប់ពីសង្គ្រាម។ ម៉្យាងទៀតទីផ្សារមូលបត្រ ជប៉ុនត្រូវបានគេធ្វើ អោយមានបំលាស់ប្ដូរទាំងស្រុងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ នៅ ពេលច្បាប់មូលបត្រថ្មីមួយចំនួន ត្រូវបានតាក់តែងឡើង ដោយយកគំរូតាម សហរដ្ឋអាមេរិក។ ការអភិវឌ្ឍន៍មួយផ្សេងទៀត ក្រោយសង្គ្រាមលោក លើកទីពីរ គឺជាការចាប់អារម្មណ៍ របស់រដ្ឋាភិបាលនៃប្រទេស កំពុងអភិវឌ្ឍន៍ក្នុង ការប្រើប្រាស់ ទីផ្សារភាគហ៊ុន ដើម្បីសំរបសំរួលការផ្ដល់ ហិរញ្ញប្បទានដល់ការវិនិយោគ។ តាំងពីពេលនោះមក មានប្រទេសជាច្រីន បានមើលឃើញពី អត្ថប្រយោជន៍នៃទីផ្សារ ភាគហ៊ុន ហើយកចាប់ផ្ដើម ខិតខំបង្កើតជាទីផ្សារនេះឡើង។
នាពេលបច្ចុប្បន្ននេះ ស្ទើរតែគ្រប់ប្រទេសអភិវឌ្ឍន៍ទាំងអស់ មានទីផ្សារភាគហ៊ុន និងបណ្ដាប្រទេស កំពុងអភិវឌ្ឍន៍ ផ្សេងៗទៀតក៏កំពុងខិតខំបង្កើតទីផ្សារនេះឡើងដែរដូចករណីប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដែលកំពុងតែខ្នះខ្នែងបង្កើតឱ្យមានទីផ្សារហ៊ុននេះឡើងជាប្រយោជន៏សេដ្ឋកិច្ច
និងការរីកចំរើនរបស់ប្រទេស។
Liked this page? Tweet



